កាលបរិច្ឆេទ: ១០ មិថុនា ២០២២ / ម្ហូបអាហារ
ក្រោមគំនិតផ្តួចផ្តើមរបស់មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ក្រុមហ៊ុនខនហ្វីរេលមានឱកាសបានចូលរួមពិព័រណ៍អន្តរជាតិទំនិញផ្នែកចំណីអាហារ និងភេសជ្ជៈនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំ២០២២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១០ ខែមិថុនា ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិកូរ៉េ (KINTEX)។ ពិព័រណ៍នេះត្រូវបានរៀបចំឡើងក្នុងបំណងផ្តល់លទ្ធភាពដល់បណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ដាក់តាំងបង្ហាញ និងផ្សព្វផ្សាយផលិតផល ចំណីអាហារ និងភេសជ្ជៈរបស់ខ្លួន និងទំនិញដែលមានការវេចខ្ចប់ពិសេស និងជាឱកាសស្វែងរកទីផ្សារថ្មីៗនៅប្រទេសកូរ៉េ។
កម្មវិធីរួមមានការតាំងពិព័រណ៍ទំនិញនៅមជ្ឈមណ្ឌលតាំងពិព័រណ៍អាស៊ាន និងមានការប្រជុំពិភាក្សាពីជំនួញជាលក្ខណៈឯកជនតាមអនឡាញ និងជួបផ្ទាល់ ដើម្បីផ្សព្វផ្សាយពីក្រុមហ៊ុនសហគ្រាសផលិតចំណីអាហារ និងភេសជ្ជៈនៅតំបន់អាស៊ាន ក្នុងបំណងពង្រឹងបណ្តាញពាណិជ្ជកម្មរវាងអាស៊ាន និងប្រទេសកូរ៉េ។
ព្រឹត្តិការណ៍នេះជាឱកាសដ៏ល្អមួយសម្រាប់ក្រុមហ៊ុនខនហ្វីរេលដើម្បីផ្សព្វផ្សាយផលិតផលថ្មីៗដែលទើបតែផលិតចេញ និងមិនទាន់ដាក់លក់នៅលើទីផ្សារនៅឡើយ។ នោះគឺផលិតផលស្រា Jaya Blue និងស្រា Jaya Extra ដែលមានវត្តមានបន្ថែមពីលើស្រា Jaya Palm Spirit ដែលមានស្រាប់ ដើម្បីបង្កើនម៉ាកស្រាដែលផលិតចេញពីទឹកត្នោត។ ជាមួយនឹងការវេចខ្ចប់ថ្មីដែលផ្តើមចេញពីគំនិតរបស់ភ្នាក់ងារ Melon rouge (ភ្នាក់ងារផ្តល់ទីប្រឹក្សាផ្នែកយុទ្ធសាស្រ្តផ្សព្វផ្សាយពាណិជ្ជកម្ម និងលើកតម្លៃផលិតផលម៉ាក) វត្តមានរបស់ស្រា Jaya គឺជាការឧទ្ទិសទៅដល់កិច្ចខិតខំប្រឹងប្រែងតស៊ូប្រយុទ្ធរបស់កសិករខ្មែរ។
ពាក្យ Jaya មានប្រភពមកពីភាសាបាលីដែលមានន័យថា «ជ័យជំនះ»។ បឹងទន្លេសាបបានពាំនាំអ្នកស្រាវជ្រាវរុករកទៅដល់ទីក្រុងអង្គរ ខណៈពេលដែលទីក្រុងនេះត្រូវបានបោះបង់ចោលទាំងស្រុង។ ស្រា Jaya ជានិមិត្តរូបនៃការសងសឹកចំពោះការបោះបង់នេះ និងចង់បង្ហាញពីជោគជ័យរបស់កសិករខ្មែរដែលបានប្រយុទ្ធប្រឆំាងនឹងភាពក្រីក្រ។
ស្រា Jaya ត្រូវបានបិតចេញពីទឹកត្នោត និងមានបីម៉ាក។
ទីមួយគឺស្រា Jaya Spirit ដែលមានក្លិនផ្អែមឈ្ងុយដូចក្លិនស្ករត្នោត ក្លិនស្រដៀងគ្នានឹងក្លិនស្រាវីស្គីអាមេរិកាំងដែរ។ ទីពីរគឺស្រា Jaya Blue ដែលមានក្លិនឈ្ងុយប្រហើរដោយសារសារធាតុផ្សំពីរុក្ខជាតិដែលមានក្លិនឈ្ងុយ និងរុក្ខជាតិឱសថធម្មជាតិនៅកម្ពុជា លាយជាមួយនឹងម្រេចកំពត បន្ថែមជាមួយរសជាតិស្រាលស្រទន់របស់ខ្ញីខ្មៅ។ ជាមួយនឹងធាតុផ្សំបែបធម្មជាតិទាំងអស់នេះ បើយើងលាយជាមួយទឹកបន្តិច និងបន្ថែមទឹកកកពីរបីដុំទៀត នោះស្រា Jaya Blue មើលទៅស្រដៀងគ្នានឹងស្រា Pastis ដែរ។ ដោយសារតែក្លិនប្រហើរចម្រុះយ៉ាងសម្បូរបែបដែលមិនធ្លាប់មានពីមុនមក គួបផ្សំជាមួយនឹងរសជាតិខ្ញីខ្មៅដែលបង្កប់នូវជាតិថ្នាំសម្រើបផងនោះ ស្រា Jaya Blue ជួយដាស់សរសៃសសូងទាំងអស់របស់យើងឲ្យកម្រើកឡើង៕